Sunday, November 6, 2016

គោលការណ៍មួយក្នុងការរស់នៅ

អ្នកប្រាជ្ញតាំងតែពីបុរាណមក មិនដែលថា មនុស្សអាក្រក់ ជាអ្នកនាំទុក្ខទេ។ ប្រភពនៃទុក្ខគឺអវិជ្ជា, គឺការមិនដឹងថាអ្វីនាំទុក្ខ មិនដឹងអ្វីនាំសុក្ខ។ បើគិតឲ្យដល់ទៅ ចេតនាល្អទេ ជាប្រភពនៃទុក្ខ។

អ្នកជិតខាងខ្ញុំ យូរៗម្តង គាត់ចាក់ចម្រៀងដែលគាត់ចូលចិត្ត ដាក់ធុងបាសយ៉ាងខ្លាំង លឺឆ្លង៣ផ្លូវ។ ក្នុងចិត្តគាត់ គាត់គ្រាន់តែចែករំលែកអ្វីដែលគាត់ចូលចិត្ត គិតថាល្អ តាមអ្វីដែលគាត់មានប៉ុណ្ណោះ។ បទខ្លះ ក៏ជាបទដែលខ្ញុំចូលចិត្តដែរ។ បញ្ហាត្រង់ថា មិនដែលមានមនុស្សដូចគ្នាបេះដាក់ទេ។ ខ្លួនឯងក៏មិនដូចខ្លួនឯងដែរ។ ថ្ងៃនេះខ្ញុំស្តាប់បទនេះយ៉ាងជក់ចិត្ត ថ្ងៃស្អែក ខ្ញុំធុញវាក៏មិនដឹង។ បញ្ហាគឺកើតឡើងនៅពេលយើងបង្ខំឲ្យអ្នកដទៃរើសយកអ្វីដែលយើងចូលចិត្ត។ ឪពុកម្តាយជាច្រើនតាំងពីព្រេងនាយមក តែងតែនាំទុក្ខដល់បុត្រធីតារបស់ពួកគាត់ដោយការបង្ខំឲ្យកូនរៀបការជាមួយអ្នកនេះឬអ្នកនោះ។ ប្រាកដណាស់ គាត់គិតថា អ្នកនោះនឹងនាំសុខដល់កូនគាត់។ តែមនុស្សខុសគ្នា។ សុខរបស់យើង មិនមែនជាសុខរបស់គេទេ។ ប៉ុល ពត និង ក្រុមរបស់គាត់ ភាគច្រើន ជាអ្នកតស៊ូ ហ៊ានចូលព្រៃ លះបង់សុភមង្គលផ្ទាល់ខ្លួន ដើម្បីប្រទេសជាតិ។ មុននឹងគិតដល់ផលដែលពួកគាត់សាង យើងត្រូវហ៊ាននិយាយថា មានមនុស្សប៉ុន្មានអ្នកហ៊ានលះបង់សុខខ្លួនដើម្បីសុខអ្នកដទៃ? ពេលនិយាយដល់ទុក្ខដែលពួកគាត់បានសាង យើងគួរសួរថា ហេតុអ្វី? ដូចអ្នកដែលចាក់ចម្រៀងលឺៗដែរ គាត់ចង់ឲ្យប្រទេសខ្មែរ ប្រជាជនខ្មែរ ដើរតាមផ្លូវដែលគាត់គិតថាត្រូវ គិតថាស្អាតស្អំ គិតថារីកចម្រើន។ ចំពោះពួកគាត់ ការធ្វើស្រែរួមគ្នា ការប្រើរបស់រួមគ្នា ការយកកសិកម្មជារបរសំខាន់ជាងគេ ល. សុទ្ធតែជាប្រយោជន៍ជាតិ សុទ្ធតែល្អ ទាំងអស់ រហូតដល់ថ្ងៃពួកគាត់លាចាកលោកទៅវិញ។
តាមឧទាហរណ៍ខាងលើ តើអ្នកគិតថា អ្វីជាគោលការណ៍សំខាន់ក្នុងការរស់នៅ? បើការរស់នៅរបស់ជនណាមួយមិនប៉ះពាល់អ្នកដទៃ អ្នកកុំរិះគន់ កុំវាយតម្លៃគេអី។ ឃើញគេប្រុស ចង់រស់នៅបែបស្រី ក្តី។ កុំប្រកាន់អី។ បើអ្នកមានអំណាច (ជាឪពុកម្តាយគេ ជាអ្នកដឹកនាំ ឬជាមន្ត្រី) កុំបង្ខំឲ្យគេធ្វើអ្វីដែលខ្លួនគិតថាល្អអី ទោះបីការណ៍នោះពិតជាល្អយ៉ាងណាក្តី។ អ្វីដែលគួរប្រឹងគឺបង្រៀនគេ ណែនាំគេ ឲ្យយល់ថាចំណុចនោះជាចំណុចល្អ។ បើពិតជាល្អមែនសម្រាប់គេ គេប្រាកដជាធ្វើហើយ។ បើគេមិនធ្វើ ប្រាកដជាមានអ្វីល្អជាងហ្នឹង។

ប្រទេសអ្នកមាននានា ហើយថ្មីៗនេះ រួមទាំងប្រទេសកម្ពុជាយើងផង បានដាក់ច្បាប់ឲ្យអ្នកបើកបរឲ្យពាក់មួកសុវត្ថិភាព។ នៅអូស្ត្រាលីជាដើម គេថែមទាំងមានច្បាប់តម្រូវឲ្យអ្នកជិះម៉ូតូពាក់អាវការពារ ក្រែងដួលរបួសស្បែកទៀតផង។ ចុះអ្នកគិតយ៉ាងណាដែរ?

0 comments:

Post a Comment

 
Copyright © . Tisa School - Posts · Comments
Theme Template by BTDesigner · Powered by Blogger