មានសិស្សប៉ុន្មានក្រុមដែរ ចង់ឲ្យខ្ញុំបង្រៀនគាត់ឲ្យបានជាប់អាហារូបករណ៍ ល. ។ អ្វីដែលស្រដៀងគ្នាគឺគាត់តែងសុំខ្ញុំរៀនថ្ងៃអាទិត្យ ព្រោះថ្ងៃផ្សេងគាត់ជាប់រៀនគួរមុខវិជ្ជាផ្សេងអស់ហើយ។
ខ្ញុំថា៖ បើចង់បានអីមួយ យើងតែងតែត្រូវបោះបង់អីមួយផ្សេងទៀតហើយ។ កាលខ្ញុំរៀនត្រៀមសិស្សពូកែគណិត ខ្ញុំលះបង់ពិន្ទុក្នុងថ្នាក់។ ខ្ញុំលេខចុងកន្ទុយគេរាល់ខែ។ សួរថា ខ្ញុំសប្បាយចិត្តទេ ពេលអ្នកដែលខ្សោយជាងខ្ញុំ អ្នកដែលមើលងាយខ្ញុំ បានពិន្ទុល្អជាងខ្ញុំ? ខ្ញុំមិនសប្បាយចិត្តទេ តែខ្ញុំនៅតែសម្រេចចិត្តរៀនយកសិស្សពូកែ។ កាលខ្ញុំរៀនត្រៀមអាហារូបករណ៍នៅភ្នំពេញ ខ្ញុំក៏លះបង់ អត់ទៅរៀនម៉ោងខ្លះដែរ ព្រោះគ្មានម៉ោងសម្រាប់រៀនត្រៀមអាហារូបករណ៍។ សួរថាខ្ញុំស្តាយទេ បង់លុយសាលារាប់រយហើយ មិនទៅរៀន? ខ្ញុំស្តាយ តែខ្ញុំហ៊ានលះបង់ ដើម្បីអ្វីដែលខ្ញុំចង់បាន។
វិធីរៀនឲ្យចេះ មិនមែនរៀនគួរ២៤ម៉ោងទេ។ រៀនពីគ្រូពាក់កណ្តាល អនុវត្តខ្លួនឯងថែមពាក់កណ្តាល។ បើយើងចំណាយពេលរៀនគួរម្លឺងៗ គ្មានពេលរៀនខ្លួនឯងមិនចេះទេ។ មិនទាន់ជួបសិស្សណាស្តាប់សម្តីនេះបានហើយហ៊ានលះបង់ទេ។